សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លេីកទឹកចិត្តដល់កុមារក្រីក្រ ៣នាក់ ដែលបានចូលរួមក្នុងកីឡាប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលាភ

ដោយក្តីអាណិតអាសូរ និងមេីលឃេីញពីការតស៊ូក្នុងជីវិត នៅរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យសហការីចុះសួរសុខទុក្ខ និងលេីកទឹកចិត្ត ព្រមទាំង នាំយកអំណោយមនុស្សធម៌ផ្តល់ជូន កុមារចំនួន ៣នាក់ ដែលរស់នៅក្នុងគ្រួសារក្រីក្រ បានចូលរួមប្រកួតកីឡា ប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

Banner Sidebar 1 – ទឹកលាងដៃ

កុមារទាំង ៣នាក់នោះ រស់នៅភូមិព្រែកតាគង់ សង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មាន ឈ្មោះ ៖ ១. ពេជ្រ ធារ៉ា អាយុ ១៣ឆ្នាំ, ២. សុវណ្ណ សាលី អាយុ ១៤ឆ្នាំ, ៣. ឈិន ភារម្យ អាយុ ៩ឆ្នាំ ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីអាណិតអាសូរ និងកោតសរសេីរចំពោះការតស៊ូរបស់កុមារទាំង ៣នាក់ខាងលេីនេះដែលមានឆន្ទៈស្រឡាញ់កីឡាហេីយហ៊ានចូលរួមប្រកួតដោយមិនមានកង់ថ្មីៗដូចកុមារដទៃ។ ជាមួយគ្នានេះ លោកជំទាវ បានពាំនាំនូវការលេីក ទឹកចិត្តពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់កុមារទាំង៣នាក់ ដែលមានចិត្តស្រឡាញ់វិស័យកីឡា ដែលនេះអាចយកធ្វេីជាគំរូដល់កុមារ និងយុវជនដទៃទៀត ប្រសេីរជាងការប្រព្រឹត្តគ្រឿងញៀន ល្បែងស៊ីសង ឬ ទង្វេីទាំងឡាយណាដែលសង្គមស្អប់ខ្ពេីម ។ ទន្ទឹមនឹងនេះ សូមក្មួយៗត្រូវខិតខំសិក្សារៀនសូត្រ ឱ្យបានពូកែដេីម្បីអនាគតភ្លឺស្វាង ចំណែកឯអាណាព្យាបាលត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀតដេីម្បីជីវភាពគ្រួសាររុងរឿង។

កុមារទាំង៣នាក់ខាងលេីនេះ និងក្រុមគ្រួសារ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានលេីកទឹកចិត្ត និងផ្តល់ការសន្តោសប្រណី ហេីយពួកគេបានប្តេជ្ញាអនុវត្តតាមការ ទូន្មានរបស់ មាតាមនុស្សធម៌ ត្រូវខិតខំសិក្សារៀនសូត្រ ឱ្យបានពូកែ ធ្វេីជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អនៅក្នុងសង្គម។

ដេីម្បីជួយសម្រាលផ្នែកជីវភាពគ្រួសារ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់ គ្រួសារកុមារនីមួយៗទទួលបាន ៖ អង្ករ ១០០គីឡូក្រាម, មី ២កេស , ត្រីខ ២០កំប៉ុង , ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត, កញ្ចប់អាហារ ១កញ្ចប់, កាបូបស្ពាយ ១ និងថវិកា ៥០០.០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង