ចេញរោគសញ្ញានៃការឆបោក ធ្វើអោយពលរដ្ឋ សុំដកលុយវិនិយោគ វិញ ពី «ក្រុមហ៊ុន ពិភពដីមាស»
ភ្នំពេញ៖ក្រោយមើលឃើញពីរោគសញ្ញានៃការឆបោក ធ្វើអោយប្រជាពលរដ្ឋជាង១០នាក់ មកពីស្រុកឈូក ខេត្តកំពត និង អ្នកខ្លះមកពីខេត្តកោះកុង កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ បាននាំគ្នាទៅ «ក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក» ដែលមានលោក ហ៊ី គឹមហុង ជាអគ្គនាយក ដើម្បីសុំដកការប្រាក់និងប្រាក់ដើមវិញ សរុបជាង១០ម៉ឺនដុល្លារ ព្រោះសង្ស័យថា ក្រុមហ៊ុននេះ គឺ ជាក្រុមហ៊ុនបោកប្រាស់ ។


«ក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក» មានទីតាំងស្ថិតនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ប្តីប្រពន្ធចំណាស់២នាក់ មកពីខេត្តកោះកុង បានប្រាប់ថា ពួកគាត់ធ្វើដំណើរមកក្រុមហ៊ុន នាពេលនេះ គឺ ដើម្បីសុំដកការប្រាក់និងប្រាក់ដើមវិញ ដែលសម្រាប់រូបគាត់២នាក់ មានចំនួនជាង២ម៉ឺនដុល្លារ ។ ដោយឡែក អ្នកដទៃទៀត គឺ អ្នកខ្លះ១ម៉ឺនដុល្លារ និង ២ម៉ឺនដុល្លារ ហើយនៅមានមនុស្សរាប់រយនាក់ទៀត ដែលបានដាក់លុយវិនិយោគជាមួយក្រុមហ៊ុន ។
ពួកគាត់ទាំង២នាក់ នេះ បន្តថា «ក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក» នេះ បានចេញ សញ្ញាណនៃការឆបោក ទើបពួកគាត់រូសរាន់ប្រញាប់មកដកប្រាក់ វិញ ព្រោះខ្លាចបាត់បង់ប្រាក់ទាំងនេះ ។
សញ្ញាណនៃការឆបោក នោះ ត្រូវបាន ពួកគាត់ រៀបរាប់ ថា គាត់មានលុយ២ម៉ឺនដុល្លារ ដែលខំខ្ចីពីធនាគារ ។ គាត់បានទិញដី «ក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក» ចំនួន២ឡូតិ៍ តម្លៃ១ម៉ឺនដុល្លារ និង ១ម៉ឺនដុល្លារទៀត ដាក់ចូលវិនិយោគជាមួយក្រុមហ៊ុន ។

ដីឡូតិ៍២ឡូតិ៍ តម្លៃ១ម៉ឺនដុល្លារ នេះ គឺ ក្រុមហ៊ុន អោយការប្រាក់៣%ក្នុងមួយខែ មានន័យថា ពួកគាត់ បានទទួលប្រាក់៣០០ដុល្លាររយៈពេល១៨ខែ ហើយគ្រប់រយៈពេល២៤ខែ ក្រុមហ៊ុននឹងទិញដីនេះវិញ ដោយអោយប្រាក់ចំណេញ៣០% មានន័យថា រយៈពេល២៤ខែ លុយ១ម៉ឺនដុល្លារ នឹងក្លាយជាលុយ១៣,០០០ដុល្លារអាមេរិក ។
ដោយឡែក លុយ១ម៉ឺនដុល្លារទៀត ដែលដាក់វិនិយោគជាមួយក្រុមហ៊ុន គឺ បើគាត់ដាក់កុងត្រា៦ខែ គាត់នឹងទទួលបានការប្រាក់១០%ក្នុងមួយខែ មានន័យថា បានលុយ១ពាន់ដុល្លារ រៀងរាល់ខែ ។ ប៉ុន្តែ លុយនេះ ៦ខែទើបបើកបាន ទាំងការទាំងដើម គឺ ចំនួន១៦,០០០ដុល្លារអាមេរិក ។
ផ្ទុយទៅវិញ បើគាត់មិនចង់ដាក់កុងត្រា៦ខែ ទេ គាត់នឹងទទួលបានការប្រាក់៧% ស្មើនឹង៧០០ដុល្លារអាមេរិក ជារៀងរាល់ខែ សម្រាប់រយៈពេល៦ខែ ។
ក្រុមប្រជាពលរដ្ឋជាច្រើននាក់ ថ្លែងប្រាប់ថា ប៉ុន្តែរយៈពេលជាច្រើនខែមកហើយ ដែលពួកគាត់ពុំបានទទួលលុយការប្រាក់ នោះទេ តែបើទទួល គឺ តិចតួចបំផុត ដោយបាន៥០ដុល្លារប៉ុណ្ណោះ សម្រាប់រយៈពេល៩ខែមកនេះ ។
ដោយសារកត្តាមិនគោរពសន្យាទាំងនេះ ហើយ ទើបបានជាប្រជាពលរដ្ឋ ត្រូវតែមកសុំដកការប្រាក់និងប្រាក់ដើមពីក្រុមហ៊ុន វិញ ព្រោះខ្លាចក្រុមហ៊ុនមួយនេះ បោកប្រាស់ ពួកគាត់ ។
ក្រឡេកមើលអំពីដំណោះស្រាយដែលពួកគាត់បានជជែកគ្នា រយៈពេលជាច្រើនម៉ោងវិញ គឺ ពុំទទួលបានលទ្ធផល ល្អ ដោយក្រុមហ៊ុនបានលើកហេតុផលជាច្រើន ក្នុងការមិនអាចដកលុយដើមវិញអោយប្រជាពលរដ្ឋ ។
ណាមួយបើសិនក្រុមហ៊ុន ប្រគល់លុយដើមអោយប្រជាពលរដ្ឋ នោះ នឹងមានប្រជាពលរដ្ឋជាច្រើននាក់ទៀត សម្រុកមកសុំដកលុយដូចគ្នា ដែលអាចធ្វើអោយក្រុមហ៊ុន ដួលរលំ ។
ជុំវិញបញ្ហានេះ យេីងពុំអាចសុំការបញ្ជាក់ផ្ទាល់ពីខាងក្រុមហ៊ុន ទេ ដោយសារពួកគាត់មិនសហការ ។

មិនសហការ នោះ គឺ នៅពេលអ្នកសារព័ត៌មាន បានចុះទៅដល់ក្រុមហ៊ុន ផ្ទាល់ ស្របពេលប្រជាពលរដ្ឋ ដើរចូលទីស្នាក់ការក្រុមហ៊ុន នោះ មានប្រធានសន្តិសុខ ម្នាក់ បានបញ្ជាអោយអ្នកសារព័ត៌មាន លុបរូបភាពចេញវិញ ទាំងអស់ ដោយអំណះអំណាង ថា គ្មានសិទ្ធិថតរូបក្នុងបរិវេណក្រុមហ៊ុន ទេ ។
មិនតែប៉ុណ្ណោះ ប្រធានសន្តិសុខដែលអមដំណើរដោយសន្តិសុខ៣នាក់ ទៀត បានសួរនាំអ្នកសារព័ត៌មានយ៉ាងហូរហែរ រហូតឈានដល់បណ្តេញអ្នកសារព័ត៌មាន ចេញពីបរិវេណដីក្រុមហ៊ុន ។ ដូច្នេះ អ្នកសារព័ត៌មាន បានដើរចាកចេញពីក្រុមហ៊ុន ដោយមិនមានការប្រទាំងប្រទាស់ជាមួយខាងសន្តិសុខ ឡើយ ។
ជាមួយគ្នានេះ សន្តិសុខបានថតរូបអ្នកសារព័ត៌មាន និង កាតព័ត៌មាន ថែមទាំងប្រើពាក្យសម្តីមិនសមរម្យជាច្រើន ។
ជាការកត់សម្គាល់ នាពេលកន្លងទៅ ក៏មានក្រុមហ៊ុនមួយក៏បានបោកប្រាស់ពីប្រជាពលរដ្ឋ ដោយប្រើរូបភាពទាំងនេះ ផងដែរ ក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារ និង ពលរដ្ឋរងគ្រោះមានប្រមាណ៥ម៉ឺននាក់ ឯណោះ ។
ក្រោយមក ខាងនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានបំបែកសំណុំរឿងនេះ និង កំពុងតាមចាប់ខ្លួនមេក្លោងចំនួន៤នាក់ ៕


