កាន់តែរំភើប..ក្មេងប្រណាំងកង់ ពេលនេះត្រូវបានសាលាប៊ែលធី ផ្តល់អាហាររូបករណ៍ឥតគិតថ្លៃ
ក្មេងប្រណាំងកង់ ដែលទទួលការចាប់អារម្មណ៍ខ្លាំងតាមបណ្តាញសង្គមនោះ ត្រូវបានលោកបណ្ឌិត លី ឆេង អគ្គនាយកសាលា ប៊ែលធី ផ្តល់អាហាររូបករណ៍ អោយមកសិក្សានៅសាលារបស់លោកដោយឥតគិតថ្លៃរហូតដល់ចប់
។
ហើយក៏សូមអរគុណដល់លោកស្រី អ៊ូ ធីតាពៅ ភរិយាអភិបាលខេត្តព្រះសីហនុ ដែលបានសួរពីបំណងក្មេងៗទាំង៣នាក់នេះ ហើយពួកគេថា ចង់រៀននៅសាលាប៊ែលធី! ភ្លាមនោះលោកអភិបាលខេត្ត គួច ចំរើន បានទាក់ទងមកលោកបណ្ឌិត លី ឆេង ហើយក៏សម្រេចទទួលយកតែម្តង រួមគ្នាដើម្បីធនធានសង្គមកម្ពុជាយើង។
គួររំលឹកផងដែរថា ក្មេងប្រុស ពេជ្រ ធារ៉ា និងក្មេងប៉ុន្មាននាក់ទៀត មានចិត្តក្លាហាន និងតស៊ូខ្លាំងណាស់ បានធ្វើឲ្យមហាជនជាច្រើនមានអារម្មណ៍រំជួលចិត្តអាណិតអាសូរយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបថតរបស់ក្មេងប្រុសខាងលើ បានចូលរួមប្រណាំកង់ នៅក្នុងទីលានប្រណាំងទោចក្រយាន្តព្រែកលាប ក្នុងកម្មវិធី Cambodia MTB Series 2020 វគ្គទី២ ។
យ៉ាងណាមិញ ចំពោះរូបថតរបស់ក្មេងប្រុសខាងលើ បានបង្ហាញឲ្យឃើញថា រូបគេបានពាក់អាវរយីករយាក បែកញើសសស្រាក់ ខំធាក់កង់កញ្ចាស់របស់ខ្លួនដើម្បីប្រគួតប្រជែងជាមួយនឹងគូប្រគួតដែលមានកង់ល្អៗ នៅលើទីលាន គ្មានស្បែកជើង គ្មានមួកការពារ គ្មានស្រោមដៃ និងគ្មានស្បែកជើងពាក់ ហើយអ្វីដែលកាន់តែរំជួលចិត្តខ្លាំងនោះ គឺកង់ដែលយកមកប្រគួតនេះ គឺជាកង់ដែលទិញបន្តពីអេតចាយ ក្នុងតម្លៃ ២ម៉ឺនរៀល ដែលលុយ ២ម៉ឺននេះ បានមកពីការយាមស្បែកជើង ឲ្យគេនៅវត្ត ។
ដោយសារតែរូបថតប៉ុន្មានសន្លឹករបស់ កឹម សុវណ្ណា ជាអ្នកថតអាជីពម្នាក់ (Professional) បានផ្តិតយករូបភាពក្មេងប្រុស ពេជ្រ ធារ៉ា ពេលកំពុងប្រណាំងកង់ បានយ៉ាងស្អាត រួចយកមកបង្ហោះនៅលើបណ្តាញសង្គម ទើបមានមហាជនជាច្រើនមានការចាប់អារម្មណ៍ និងចែករំលែករូបថតនេះតៗគ្នា រាប់ម៉ឺននាក់ ផងដែរ និងបានកែប្រែវាសនា របស់ក្មេងប្រុសខាងលើផងដែរ។
ប្រភព និងរូបភាព៖ Sorn Sopheak-ស៊ន សុភក្រ្ត