សាហាវហួសចូលប្លន់ដី និង ផ្ទះ ទាំងកណ្ដាលថ្ងៃត្រង់
ស្វាយរៀង ៖ នៅរសៀល ថ្ងៃទី អាទិត្យ ទី ១២ ខែ មករា ឆ្នាំ ២០២០ មនុស្ស មួយក្រុម ដឹក នាំដោយឈ្មោះ ញ៉ែម រ៉ាវី ជំនួយ ការ មេធាវី ប្រចាំខេត្ត ស្វាយរៀង ឈ្មោះ ទេព ស៉ីបន មន្ត្រី ភូមិ បាល ស្រុក កំពង់រោទិ៍ លោក សោម អាន មេភូមិ ព្រៃផ្អាវ លោក ចាន់ ពិន មេឃុំ សំឡី លោក ចាន់ សុវណ្ណ អ្នកកាន់ ម៉ែត្រ លោក សួស សារ៉ន អ្នកស្រី ចាន់ ញ៉ាន់ អ្នកស្រី ពៅ សុខា បាននាំគ្នាចុះទៅ ចាក់សោរ ផ្ទះ និង វាស់ វែងដីឡូតិ៍ និងដីស្រែរបស់ ឈ្មោះ អ៊ុន រាំង , អ៊ុន រ៉ុង នៅ ភូមិ ព្រៃ ផ្អាវ ឃុំ សំឡី ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង ដោយគ្មានដីកា ឬ សាលក្រមពី តុលាការ ឡេីយ ។
ទង្វើ របស់ ក្រុម មនុស្ស ទាំងនោះ ប្រៀបបាន ជាក្រុម ចោរប្លន់ដី ស្រែ និង ផ្ទះ ប្រជា កសិករ ទាំងកណ្ដាលថ្ងៃត្រង់ ។ អភិបាល ស្រុក កំពង់រោទិ៍ អ្នកនាំពាក្យ សាលាខេត្តស្វាយរៀង ប្រធាន មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្ត រួមទាំង លោក ប្រធាន សាលាដំបូង ខេត្ត ស្វាយរៀង សុទ្ធតែ បានបំភ្លឺដូចៗគ្នាថា មិនបានដឹងរឿងនេះទាល់តែសោះ ។ ករណី នេះ បុគ្គល ណាប្រព្រឹត្ត បុគ្គល នោះត្រូវ ទទួល ខុសត្រូវ ចំពោះ មុខច្បាប់ ។
ដំណើរ រឿងមានដូចតទៅ ផ្ទះ និង ដីស្រែ របស់ ឈ្មោះ អ៊ុន រ៉ុង និង អ៊ុន រាំង គឺជា កេរ្តិ៍ បន្សល់ទុក ពី ឪពុក ម្ដាយ ដែល បានស្លាប់អស់ទៅហេីយ ។ ដី ស្រែ និង ផ្ទះ នេះ ពួកគាត់ បានរស់នៅ កាន់កាប់ ធ្វេីស្រែតាំងពី ឆ្នាំ ១៩៧៩ មកម្ល៉េះ ។ លុះដល់ថ្ងៃ ទី ១៧ ខែ មិថុនា ឆ្នាំ ២០១៩ ឪពុកឈ្មោះ អ៊ុន ផាន់ បានស្លាប់ ទៅ ដោយមិនបានបណ្ដាំមរតកទេ ។ ក្រោយ ការស្លាប់ ១ ខែ គឺនៅខែ កក្ដដា ឆ្នាំ ២០១៩ កូនៗរបស់សព បានទៅធ្វេី សំបុត្រ បញ្ជាក់ ទាយាទ និង លិខិត បញ្ជាក់ សិទ្ធិ កាន់កាប់ អចលនទ្រព្យ ។
ស្រាប់តែថ្មីៗនេះ មានឈ្មោះ ចាន់ ប៉ុលឡាវី ហៅ ឃីម មកពី ភ្នំពេញ មកអះអាងថា ផ្ទះ និង ដី ស្រែ ដែល អ៊ុន រាំង អ៊ុន រ៉ុង កាន់កាប់ បន្តពី ឪពុក នោះ ថាជារបស់ខ្លួនទៅវិញ ដោយគ្រាន់តែ កាន់ក្រដាស់បណ្ដាំសរសេរដោយដៃមួយសន្លឹក គ្មាន សាក្សី គ្មានការបញ្ជាក់ពី អាជ្ញា ធរ ឬ មេធាវី ប្រថាប់ត្រា ឡេីយ ។
បន្ទាប់ ពី លេចមុខឈ្មោះ ចាន់ ប៉ុលឡាវី មកប្ដឹងទាមទារយកដី និង ផ្ទះរបស់ ពួកគេ លោកមេឃុំ បានមកដកយកលិខិត បញ្ជាក់ ទាយាទ និង លិខិត បញ្ជាក់ សិទ្ធិ កាន់កាប់ អចលនទ្រព្យ ពីម្ចាស់ផ្ទះ និង ម្ចាស់ ដីទៅវិញ ។ បន្ទាប់ មក ស្រាប់ តែ មេឃុំ និង មេភូមិ មន្ត្រី សូរិយោដី ស្រុក នាំគ្នាចុះមកវាស់វែង ផ្ទះ និង ដីស្រែ ព្រមទាំងបានហាម ម្ចាស់ ផ្ទះ មិនអោយបូមបៀរចាប់ត្រី មិនអោយ ធ្វេីស្រែលេីដីរបស់ពួកគេទៅវិញ ។
ប្រជាជន ស្ទេីតែមួយភូមិបានផ្ដិតមេដៃ ធ្វើ សាក្សី អោយឈ្មោះ អ៊ុន រ៉ុង អ៊ុន រាំង ថាពិតជាម្ចសស់ដី ម្ចាស់ ផ្ទះ ដែលបានរស់នៅបន្តពី ឪពុក ម្ដាយ របស់ ពួកគេមែន ។
តេី ប្រជាជន សង្ឃឹម លេី អ្នកណា បេីមេភូមិ មេឃុំ មន្ត្រី សូរិយោដី និង ជំនួយ ការ មេធាវី ប្រចាំខេត្ត ស្វាយរៀង សុទ្ធតែ បំពាន ច្បាប់ បែបនេះ ? សូម អាជ្ញាធរ ខេត្ត មេត្តា ពិនិត្យមើល ករណី នេះផង ។ ចំណែក ជនរងគ្រោះ ជាម្ចាស់ ដី និង ផ្ទុះ គួររៀបចំ ពាក្យ បណ្ដឹង ប្ដឹង ឈ្មោះអ្នកទាំងអស់ខាងលេីទៅ តុលាការដេីម្បីចាត់ការតាមផ្លូវច្បាប់ ។