លោក ងិន ឆាយ ពន្យល់ពីមូលហេតុដែលតម្លៃស្រូវវស្សាធ្លាក់ថ្លៃ នៅឆ្នាំនេះ






មានកត្តាសំខាន់ៗ ៥យ៉ាងដែលធ្វើឲ្យតម្លៃស្រូវវស្សាក្នុងឆ្នាំ២០២០នេះ ធ្លាក់ចុះតម្លៃ។ ក្នុងនោះមានកត្តាផ្គត់ផ្គង់ កត្តាតម្រូវការ កត្តាទីផ្សារ កត្តាអាកាសធាតុ និងកត្តាគុណភាព។ នេះបើតាមការលើកឡើងរបស់លោក ងិន ឆាយ អគ្គនាយកនៃនាយកដ្ឋានកសិកម្ម នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី«កិច្ចអន្ដរាគមន៍ ឆ្លើយតបនឹងការស្ដារឡើងវិញបន្ទាប់ពីគ្រោះមហន្ដរាយទឹកជំនន់ ក្នុងផលិតកម្មកសិកម្ម» នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ងិន ឆាយ បានពន្យល់ថា៖«ធម្មតាពេលប្រមូលផលតម្លៃស្រូវមានការធ្លាក់ចុះបន្តិចជារៀងរាល់ឆ្នាំ។ រីឯចំពោះអាកាសធាតុ ដោយសារមានទឹកជំនន់ស្រូវមួយចំនួនបានលិចទឹក និងមិនមានលទ្ធភាពបញ្ចេញទឹក ទើបធ្វើឲ្យស្រូវខូចគុណភាព។ គួបផ្សំឆ្នាំនេះមានការខ្វះខាតនូវម៉ាស៊ីនច្រូតស្រូវ ទើបស្រូវក្នុងស្រែទុំជ្រុល ដូច្នេះគុណភាព និងតម្លៃក៏ធ្លាក់ចុះតាមហ្នឹងដែរ»។
សម្រាប់តម្លៃស្រូវទូទៅ ស្រូវលេខមួយមានតម្លៃ ១ ០០០រៀលទៅ ១០២០រៀល ហើយបើស្រូវដែលធ្លាក់គុណភាពមានតម្លៃ ៨០០រៀលទៅ ៩០០រៀលក្នុងមួយគីឡូ ទៅតាមតំបន់នីមួយៗ។ នេះបើតាមលោក ងិន ឆាយ។ លោកក៏បានស្នើដល់រោងម៉ាស៊ីនកិនស្រូវទាំងអស់ជួយទិញស្រូវពីកសិករ ដែលបានប្រមូលផលអំឡុង វិបត្តិគ្រោះមហន្តរាយនេះ។

«ទឹកជំនន់ធ្វើឲ្យគុណភាពស្រូវធ្លាក់ចុះ ហើយតម្លៃក៏ធ្លាក់ថ្លៃពិសេសស្រូវផ្ការំដួល តែវាមិនសូវចម្លែកទេដែលដល់រដូវប្រមូលផលស្រូវតម្លៃស្រូវធ្លាក់ចុះ។ ប៉ុន្តែអំឡុងពេលនេះ រោងម៉ាស៊ីនគួរជួយទិញស្រូវពីកសិករទៅតាមលទ្ធភាព និងមិនគួរទំលាក់ថ្លៃស្រូវពេកនោះទេ»។ លោកអគ្គនាយកដ្ឋានកសិកម្មបានលើកឡើងបែបនេះ។
ក្នុងឆ្នាំ២០២០នេះ កម្ពុជាបានជួបគ្រោះធម្មជាតិចំនួនពីរលើក បានធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវប្រមាណជាង ៣១៤ពាន់ហិកតា។ ដោយគ្រោះរាំងស្ងួត បានប៉ះពាល់ដំណាំស្រូវចំនួន ១៣៥ពាន់ហិកតា និងគ្រោះទឹកជំនន់បានប៉ះពាល់ស្រូវប្រមាណ ៣០៤ពាន់ហិកតា។
នេះបើតាមការលើកឡើងរបស់លោក ងិន ឆាយ លោក ងិន ឆាយ បានបញ្ជាក់ថា នៅដើមរដូវវស្សាកម្ពុជាបានជួបមហន្តរាយគ្រោះរាំងស្ងួត បានប៉ះពាល់ផ្ទៃដីដាំដុះដំណាំស្រូវប្រមាណ ១៣៥ពាន់ហិកតា ធ្វើឲ្យខូចខាតដំណាំស្រូវចំនួន ១៤ពាន់ហិកតា និងបានស្ដារឡើងវិញក្នុងបរិមាណ ៦ពាន់ហិកតា។ ដោយឡែកនៅចុងរដូវវស្សា គ្រោះមហន្តរាយទឹកជំនន់ក៏កើតមាន និងមានទ្រង់ទ្រាយធំជាគ្រោះមហន្តរាយលើកទីមួយ។
គ្រោះទឹកជំន់បានធ្វើឲ្យប៉ះពាល់ដំណាំស្រូវវស្សាជាង ៣០៤ពាន់ហិកតា បានធ្វើឲ្យខូចខាងដំណាំស្រូវប្រមាណជាង ១២៥ពាន់ហិកតា និងបានស្ដារឡើងវិញប្រមាណជិត ២០ពាន់ហិកតា គិតត្រឹមថ្ងៃទី ២៦ ខែវិច្ឆិកា។ នេះជាការបញ្ជាក់របស់លោក ងិន ឆាយ៕
ប្រភព៖ ថ្មីៗ