ក្រសួងមហាផ្ទៃ នឹងស្រាវជ្រាវករណី លោក ថន វីរៈ ដែលរងការរិះគន់ ក្រោយទទួលឋានៈជាទីប្រឹក្សាសម្តេចក្រឡាហោម
ភ្នំពេញ៖ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឃើញក្នុងបណ្តាញសង្គម នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នេះ ចុះផ្សាយព័ត៌មានទាក់ទងនឹងលោក ថន វីរៈ ដែលមានតួនាទីជាទីប្រឹក្សាសម្តេចក្រឡាហោម ។

យោងតាម Facebook របស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ នាយកខុទ្ទកាល័យសម្តេចក្រឡាហោម បានអោយដឹងថា «ការចុះផ្សាយនោះបាននិយាយរិះគន់ប៉ះពាល់ដល់កិត្តយសរបស់ឯកឧត្តម ថន វីរៈ ។ ខុទ្ទកាល័យសម្តេចក្រឡាហោម បានទទួលការណែនាំអោយធ្វើការស្រាវជ្រាវបញ្ហានេះ ដើម្បីស្វែងរកការពិតនិងយុត្តិធម៌ជូនភាគីទាំងសងខាង»។
គួររំលឹកថា លោក ថន វីរៈ ជាឈ្មួញរកស៊ីដីធ្លីដ៏ល្បីល្បាញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ត្រូវបានបញ្ជាការដ្ឋានអង្គរក្ស ធ្វើលិខិតមួយគោរពជូនលោកអភិបាលខេត្តព្រះសីហនុ ថា លោក ថន វីរៈ ត្រូវបានអង្គភាព ដកឈ្មោះចេញពីបញ្ជីគ្រប់គ្រង នៃកងយោធពលខេមរភូមិន្ទ ហើយ ។
តាមរយៈលិខិតមួយច្បាប់ ដែល យេីងទទួលបាន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នេះ បញ្ជាការដ្ឋានអង្គរក្ស បញ្ជាក់ថា លោក ថន វីរៈ ធ្វើអ្វីតាមអំពើចិត្ត មិនគោរពតាមការចាត់តាំងរបស់អង្គភាពនឹងវិន័យកងកម្លាំងជាច្រើនលើកច្រើនសារ អប់រំមិនស្តាប់ ។ ជាមួយគ្នានេះ នាពេលថ្មីៗនេះ លោក ថន វីរៈ បានឆបោកប្រាក់ប្រជាជនក្នុងរឿងទិញដី នៅខេត្តព្រះសីហនុ ដែលធ្វើអោយអង្គភាពមានការលំបាកលើការដោះស្រាយមិនចេះចប់ ។
បញ្ជាការដ្ឋានអង្គរក្ស សូមអោយលោកអភិបាលខេត្តព្រះសីហនុ ចាត់ការតាមផ្លូវច្បាប់ ប្រសិនបើលោក ថន វីរៈ យកឈ្មោះអង្គភាពទៅប្រព្រឹត្តអំពើខុសច្បាប់ ។
ទន្ទឹមនេះ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ថ្មីៗនេះ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យមួយ សម្រេចតែងតាំងនិងផ្តល់ឋានៈ លោក ថន វីរៈ ជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយពុំទទួលប្រាក់បំណាច់មុខងារ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ វិញ បានអោយដឹងថា ពួកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដឹងថា លោក ថន វីរៈ ដែលធ្លាប់មានរឿងអាស្រូវជាច្រើន ពាក់ព័ន្ធបញ្ហាដីធ្លី បែរជាត្រូវបានតែងតាំងពីទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ទៅវិញ ។
ដោយឡែក តាមប្រភពព័ត៌មានមួយទៀត បានអោយដឹងថា លោក ថន វីរៈ ពេលនេះ កំពុងជាប់បណ្តឹងព្រហ្មទណ្ឌជាច្រើនករណី នៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ផងដែរ ៕


