ក្រុមប្រឹក្សា សង្កាត់ ប៉ោយប៉ែត សុំអន្តរាគមន៍ទៅ សម្ដេចតេជោ ហ៊ុន សែន រក្សាទុក មណ្ឌល សុខភាព ប៉ោយ ប៉ែត ១






ប៉ុន្មាន ថ្ងៃ នេះ ព័ត៌មាន អំពី ការដោះដូរ មណ្ឌល សុខភាព ប៉ោយ ប៉ែត ១ ដែល មានទីតាំង ស្ថិតនៅ ភូមិ ក្បាល ស្ពាន ១ ជិតរង្វង់មូល ក្រុងប៉ោយប៉ែត ធ្វើ អោយ ប្រជាពលរដ្ឋ និង មន្ត្រី មូល ដ្ឋាន មានការ រំជើបរំជួល ជាខ្លាំង ។ ជាពិសេស ប្រជាពលរដ្ឋ និង អាជ្ញា ធរ មូលដ្ឋាន មិនចង់ អោយមានការដោះដូរទេ ។
ប្រភព ពីមន្ត្រីក្រុងប៉ោយ ប៉ែត បានអោយដឹងថា ក្រុមប្រឹក្សា សង្កាត់ ប៉ោយប៉ែត ប្រមាណជិត ១០ នាក់ បានប្រជុំ ឯកភាព គ្នា ធ្វើ លិខិត សុំអន្តរាគមន៍ទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល ដេីម្បី រក្សាទុក មណ្ឌល សុខភាព ប៉ោយ ប៉ែត ១ បច្ចុប្បន្ន អោយនៅដដែល ។ អង្គប្រជុំបាន គោរព រាយការណ៍ ជូន សម្ដេច តេជោ ហ៊ុន សែន មេត្តា ជ្រាប ថា ការដោះដូរ មណ្ឌល សុខភាព ប៉ោយ ប៉ែត ១ នេះ យកទៅ ដាក់ នៅ សង្កាត់ ផ្សារ កណ្ដាល ធ្វើ អោយ សង្កាត់ ផ្សារ កណ្ដាល មាន មណ្ឌល សុខភាព រហូតដល់ ទៅ ៣ និង មន្ទីរពេទ្យ ១ ចំណែក សង្កាត់ ប៉ោយប៉ែត លែងមានមណ្ឌល សុខភាព តែម្ដង ។ បច្ចុប្បន្ន សង្កាត់ ប៉ោយប៉ែត មាន ប្រជាពលរដ្ឋ ជាង ១ ម៉ឺន គ្រួសារ ដែល តែងតែ មករកសេវាសុខភាព នៅ មណ្ឌល សុខភាព ប៉ោយ ប៉ែត ១ ។ ពេល លឺដំណឹងដោះដូរនេះ ធ្វើ អោយ ប្រជាពលរដ្ឋ មានការ ព្រួយ បារម្ភ ជាខ្លាំង ។
អង្គប្រជុំ ក៏បាន គោរព ស្នើ សុំ សម្ដេចតេជោ ហ៊ុន សែន ផ្អាក ការដោះដូរ មណ្ឌល សុខភាព ប៉ោយ ប៉ែត ១ ដេីម្បី រក្សាទុក បំរើ សេវា សុខភាព ជូនប្រជាពលរដ្ឋ ។
ការដោះដូរ មណ្ឌល សុខភាព ប៉ោយ ប៉ែត ១ នេះ បានបង្ករអោយមានការរិះគន់ យ៉ាង ខ្លាំង ពី សំណាក់ មហាជន ព្រោះ តែ ការដោះដូរ នេះ ធ្វើ អោយ ប្រជាពលរដ្ឋ ជួបការលំបាក រីឯអ្នក ទទួល ផល គឺ ឈ្មួញ លក់ដូរដី និង មន្ត្រី ពុករលួយ តែ ប៉ុណ្ណោះ ។ តម្លៃ មណ្ឌល សុខភាព ប៉ោយ ប៉ែត ១ ដែល មានទំហំ ៤០៧៥ ម៉ែត្រ ការ៉េ ត្រូវ បាន អ្នកជំនាញ អចលនទ្រព្យ វាយតម្លៃ ថា អាចលក់បានជាង ១០ លានដុល្លារ ។ ចំណែក ទីតាំង ថ្មី នៅ សង្កាត់ ផ្សា រកណ្ដាល ដែល មានចម្ងាយ ប្រមាណ ជិត ១០ គីឡូម៉ែត្រ ពី កន្លែង ចាស់ មានតម្លៃ ត្រឹម តែ ប្រមាណ ៣០ ម៉ឺន ដុល្លារ តែ ប៉ុណ្ណោះ ។




