សមត្ថកិច្ចខេត្តកោះកុង កំពុងតាមចាប់ខ្លួនមេក្លោងធំៗ៣នាក់ នៃក្រុមហ៊ុនដីឡូតិ៍ខ្យល់ B.I.D

កោះកុង៖សមត្ថកិច្ចខេត្តកោះកុង កំពុងតាមចាប់ខ្លួនមេក្លោងធំៗ៣នាក់ នៃក្រុមហ៊ុនដីឡូតិ៍ខ្យល់ B.I.D ដែលបានបោកប្រាស់ប្រជាពលរដ្ឋជាង៧០គ្រួសារ ស្មើនឹងទឹកប្រាក់ប្រមាណ១លានដុល្លារ ចំពោះការលក់ដីឡូតិ៍ជាង១០០ឡូតិ៍ តែគ្មានដីឡូតិ៍ប្រគល់ជូនអតិថិជន នោះទេ ហើយ បានរត់គេចខ្លួនបាត់ស្រមោល ។

Banner Sidebar 1 – ទឹកលាងដៃ

សមត្ថកិច្ច តាមចាប់ខ្លួនមេក្លោងធំៗ៣នាក់ នៃក្រុមហ៊ុនដីឡូតិ៍ខ្យល់ B.I.D នាពេលនេះ គឺ អនុវត្តតាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង ។

មេក្លោងធំៗ៣នាក់ នៃក្រុមហ៊ុនដីឡូតិ៍ខ្យល់ B.I.D រួមមាន ៖ ទី១ ឈ្មោះ បាន បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ជាអគ្គនាយកក្រុមហ៊ុន ដីឡូតិ៍ខ្យល់ B.I.D , ទី២ ឈ្មោះ ភន ទីគា ភេទប្រុស អាយុ២០ឆ្នាំ ជាអគ្គនាយករងក្រុមហ៊ុន ដីឡូតិ៍ខ្យល់ B.I.D និង ទី៣ ឈ្មោះ លី ប៊ុនរដ្ឋថី ភេទប្រុស អាយុ២៨ឆ្នាំ ។

មេក្លោងធំៗ៣នាក់ នៃក្រុមហ៊ុនដីឡូតិ៍ខ្យល់ B.I.D ត្រូវបានលោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ចេញដីកាបញ្ជាអោយចូលខ្លួន នៅអយ្យការអមសាលាដំបូងខេត្តកោះកុង អោយបានមុនថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធករណី ឆបោក និង រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចដីឡូតិ៍ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីអំឡុងខែកុម្ភ ឆ្នាំ២០២០ ។

ជាមួយគ្នានេះ តុលាការ បានអនុញ្ញាតអោយមន្ត្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កងកម្លាំងសាធារណៈ ដើម្បីបង្ខំអោយបុគ្គលខាងលើនេះ ចូលមកបង្ហាញខ្លួន ផងដែរ ។

ទន្ទឹមគ្នានេះ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង បានចេញសេចក្តីថ្លែងការណ៍ មួយ ជុំវិញបញ្ហានេះ ផងដែរ ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង ថ្លែងថា តំណាងអយ្យការ បានបំពេញមុខងាររបស់ខ្លួន ស្របតាមនីតិវិធីព្រហ្មទណ្ឌ យ៉ាងខ្ជាប់ខ្ជួន ប្រកបដោយភាពឆាប់រហ័ស ត្រឹមត្រូវ គ្មានការលំអៀង និង មិនប្រព្រឹត្តអំពើពុករលួយ ទេ ។ (កាន់តែលម្អិតសូមអានសេចក្តីថ្លែងការណ៍)

គួររំលឹកថា លោក ហេង ភារក្ស ថ្លែងប្រាប់ ថា ក្រុមហ៊ុន B.I.D ជាក្រុមហ៊ុនបោកប្រាស់ ដោយអះអាងថា បានពុះដីឡូតិ៍លក់នៅចំណុចភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង លើទំហំដីជិត៥ម៉ឺនម៉ែត្រការ៉េ ។

ប៉ុន្តែក្រោយដំណើរការលក់បានប៉ុន្មានខែប៉ុណ្ណោះ ពោលគឺ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ និង ប្រមូលលុយបានច្រើនរាប់ម៉ឺនដុល្លារ នោះ ទើបដឹងថា ក្រុមហ៊ុន B.I.D គ្មានដីឡូតិ៍ពិតប្រាកដ ប្រគល់ជូនអតិថិជន នោះទេ ហើយលោក បាន បញ្ញា ជាអគ្គនាយកក្រុមហ៊ុន ក៏បានរត់គេចខ្លួន តែម្តង ៕

អត្ថបទដែលជាប់ទាក់ទង