ឧត្ដមសេនីយ៍​ទោ​ បាន​ ប្រាក់​ មន្រ្តី​យោធា​ជាន់ខ្ពស់​ក្រសួងការពាជាតិ​ រងការចោទប្រកាន់ថាបានប្រេីប្រាស់​ឯកសារ​ក្លែងក្លាយ​ និង​ ក្លែងលិខិតឯកជន​

កណ្តាល​ ៖​ នាយទាហានជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ​មួយរូប​ គឺ​  លោកឧត្ដម​សេនីយ៍​ទោ​ បាន​ ប្រាក់​ បានរង​ការចោទប្រកាន់​ពី​ លោកតា​ ឡឹក​ ធន​ អាយុ​ ៧២​ ឆ្នំា​ និង​ ប្រពន្ធ​ឈ្មោះ​ ពាំង​ សុខ​ រស់​នៅ​ភូមិ​ ពពាលខែ​ ២​ ឃុំ​ ដីឥដ្ឋ​ ស្រុក​ កៀនស្វាយ​ ខេត្ត​ កណ្ដាល​ ថាបាន​ ក្លែងឯកសារ​ចង់បានដី​លោកតា​ ទំហំ​ ១០​ ហិកតា​ នៅ​ភូមិ​ ពពាលខែ​ ឃុំ​ ដីឥដ្ឋ​ ស្រុក​ កៀនស្វាយ​ ខេត្ត​កណ្ដាល​ ។  

Banner Sidebar 1 – ទឹកលាងដៃ

នៅរសៀល​ថ្ងៃទី​ ១៨​ ខែ​ មករា​ ឆ្នាំ​ ២០២០​ លោកតា​ ឡឹក​ ធន​ បានរៀបរាប់​ថា​ នៅឆ្នាំ​ ២០០៧​ លោកតា​ និង​ ប្រពន្ធ​ បានយល់ព្រមលក់ដី​មួយកន្លែង​ទំហំ​ ១០​ ហិកតា​ នៅ​ ភូមិ​ ពពាលខែ​ ឃុំ​ ដីឥដ្ឋ​ ស្រុក​ កៀនស្វាយ​ ខេត្ត​កណ្ដាល​ អោយទៅឈ្មោះ​ បាន​ ប្រាក់​ ក្នុងតម្លៃ​ ៣៥០០០​ ដុល្លារ​ អាមេរិក​ ។  នៅថ្ងៃទី​ ១២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៧​ ឈ្មោះ​ បាន​ ប្រាក់​ បានកក់លុយសរុបចំនួន​ ៩០០​ ដុល្លារ​ ។  ចំណែក​លុយនៅសល់​ ៣៤១០០​ ដុល្លារ​ទៀត​ ឈ្មោះ​ បាន​ ប្រាក់​ សន្យា​យកមកប្រគល់អោយនៅថ្ងៃទី​ ៣០​ ខែ​ សីហា​ ឆ្នាំ​ ២០០៨​ ។  លុះដល់ថ្ងៃ​កំណត់​ (​ ៣០​ សីហា​ ២០០៨​ )​ ឈ្មោះ​ បាន​ ប្រាក់​ មិនបានយកលុយមកប្រគល់អោយលោកតាឡេីយ​ ។  

ដោយរង់ចាំយូរពេកមិនឃេីញ​ឈ្មោះ​ បាន​ ប្រាក់​ យកលុយ​មកប្រគល់អោយ​ នៅឆ្នាំ​ ២០១៥​ លោក​តា​ បានលក់ដីនេះអោយទៅឈ្មោះ​ យឹម​ ផៃភីវីវ៉ាន់នុត​ ។  ប៉ុន្តែ​ពេល​យកឯកសារ​ទៅរត់ការផ្ទេរសិទ្ធ​ ស្រាប់​តែ​ឃេីញ​មានឯកសារមួយបង្ហាញថា​ លោកតា​ បានលក់ដីនោះទៅអោយឈ្មោះ​ ទេស​ សុផា​ តម្លៃ​ ១០០០០០​ ដុល្លារ​ អាមេរិក​ ព្រមទាំងមានឯកសារ​ ៣​ ច្បាប់​ គឺ​ កិច្ច​សន្យា​ទិញលក់​ដី​ព្រមទាំងលិខិតធានាអះអាងនិង​ ទទួល​ប្រាក់​គ្រប់ចំនួន​ដោយបានបញ្ជាក់ថា​ លោកតា​ និង​ ប្រពន្ធ​ ឈ្មោះ​ ពាំង​ សុខ​ ឈ្មោះ​ អាន​ អុល​ និង​ ប្រពន្ធ​ឈ្មោះ​ ពាំង​ សុគឿន​ ឈ្មោះ​ ដៀប​ ណុច​ និង​ ប្រពន្ធ​ឈ្មោះ​ ពាំង​ ស្រី​ហាច​ បានទទួល​ប្រាក់​គ្រប់​ចំនួន​ ចុះថ្ងៃទី​ ២០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៧​ ។  លោកតា​ ឡឹក​ ធន​ បានបដិសេធ​ចោលទាំងអស់ចំពោះលិខិតទាំងនោះហេីយបានអះអាងថា​ មិនដែលបានលក់​ ឬ​ បានស្គាល់​ឈ្មោះ​ ទេស​ សុផា​ សោះ​ មិនដឹងថា​ ទេស​ សុផា​ នោះ​ ស្រី​ ឬ​ ប្រុស​ ចាស់​ ឬ​ ក្មេង​ផង​ ។  

មិនតែប៉ុណ្ណោះ​ លោកផ្កាយពីរ​ បាន​ ប្រាក់​ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ លោកតា​ ថែមទៀត​ផង​ ។  ចំណែក​ខាង​មេភូមិ​ មេឃុំ​ បានធ្វើ​លិខិត​បញ្ជាក់​បន្ថែម​ថា​ លោកតា​ ឡឹក​ ធន​ និង​ ប្រពន្ធ​ ពិត​ជាបានលក់​ដីទៅអោយឈ្មោះ​ ទេស​ សុផា​ កាលពី​ឆ្នាំ​ ២០០៧​ ប្រាកដមែន​ ហេីយ​ នៅឆ្នាំ​ ២០១៥​ ឈ្មោះ​ ទេស​ សុផា​ បានលក់ដីនេះ​បន្តទៅអោយ​លោក​ ឧកញ៉ា​ អ៊ូច​ ចាន់ថន​ កាន់កាប់​រហូត​មកដល់សព្វថ្ងៃ​ ។  

ផ្ទុយពីការបញ្ជាក់​អះអាង​របស់​មេភូមិ​ មេឃុំ​ ត្រូវ​បាន​លោកតា​ ឡឹក​ ធន​ បានបដិសេធ​ចោលដោយលោកតា​បានអះអាងថា​ ដី​ទំហំ​ ១០​ ហិកតា​ នេះ​ លោកតា​ នៅ​គ្រប់​គ្រង​អាស្រ័យ​ផលរហូតមកដល់សព្វថ្ងៃ​ ។  លោកតា​ មិនដែល​ស្គាល់ឬឃេីញ​ឈ្មោះ​ ទេស​ សុផា​ និង​ ឈ្មោះ​ ឧកញ៉ា​ អ៊ូច​ ចាន់ថន​ មកក្បែដីម្ដងណាឡេីយ​ ។  

ដោយមេីលឃេីញអំពេីអយុត្តិធម៌​ពេក​ ជាពិសេស​មានការឃុបឃិតគ្នាជាប្រព័ន្ធរវាង​អាជ្ញាធរ​ភូមិ​ ឃុំ​ និង​ អ្នកមាន​អំណាច​ នៅថ្ងៃទី​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៩​ លោកតា​ បានដាក់ពាក្យបណ្ដឹងទៅ​ នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ និង​ បានស្នេីសុំអោយមានការធ្វេី​កោសល្យ​វិច្ច័យ​ លេីលិខិតធានាអះអាងចុះថ្ងៃទី​ ២០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៧​ ។  

បន្ទាប់​ពី​ទទួលបានពាក្យបណ្ដឹងរបស់លោកតា​ ឡឹក​ ធន​ នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ និង​ នគរបាល​ បច្ចេកទេស​ វិទ្យាសាស្រ្ត​ បានធ្វើ​ កោសល្យ​វិច្ច័យ​ រកឃើញ​ថា​ លោកឧត្ដមសេនីយ៍​ទោ​ បាន​ ប្រាក់​ និង​ ឈ្មោះ​ ទេស​ សុផា​ អាចជាប់ពាក់ព័ន្ធ​ក្នុងការប្រេី​ប្រាស់​ លិខិត​​ក្លែង​ និង​ ក្លែង​លិខិត​ឯក​ជន​ ។  

នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ បានបញ្ជូនសំណុំរឿងទៅ​ អយ្យការ​អមសាលាដំបូងខេត្តកណ្ដាល​ដេីម្បី​ចាត់ការ​បន្តតាមនិតិវិធីច្បាប់​ ។  

គិតមកត្រឹមរសៀលថ្ងៃទី​ ១៨​ ខែ​ មករា​ ឆ្នាំ​ ២០២០​ យេីងមិនអាចទាក់ទងសុំការបំភ្លឺពីលោកឧត្ដមសេនីយ៍ទោ​ បាន​ ប្រាក់​ នាយទាហានជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ​ និង​ ឈ្មោះ​ ទេស​ សុផា​ នៅឡេីយទេ​ ព្រោះគ្មានលេខទំនាក់ទំនង​ ។

អត្ថបទដែលជាប់ទាក់ទង